នាព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាខេត្តសៀមរាប, នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដំណើរដោយ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការជំនាញនៃនាយកដ្ឋានបុគ្គលិក។ សិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវសមិទ្ធផលនៃការអនវុត្តការងារបុគ្គលិក ដែលមានរបៀបវារៈសំខាន់ៗចំនួន០២ គឺ ១.ការផ្សព្វផ្សាយអំពីសារាចរលេខ០០២ សហវ.សរ.អល ស្តីពីការពង្រឹងការងារគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា និង ២.ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវសៀវភៅណែនាំ ស្តីពីនីតិវិធីការងារគ្រប់គ្រងបុគ្គលិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ថ្នាក់ដឹកនាំ និង តំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសរុបប្រមាណ ៤០០ នាក់។ ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់នូវអនុសាសន៍ដ៏មានឧត្តមប្រយោជន៍ជូនដល់មន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសដល់មន្ត្រីដែលបានចូលរួមសិក្ខាសាលានៅថ្ងៃនេះ គឺ ១.ត្រូវធ្វើឱ្យមាននូវឯកសណ្ឋានភាពជាមួយគ្នាពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ពាក់ព័ន្ធការងារបុគ្គលិក, ២.បន្តអនុវត្តការងារដែលរក្សាដល់សិទ្ធិនិងអត្ថប្រយោជន៍មន្ត្រីរាជការ និងពង្រឹងការអនុវត្តការងារដោយផ្អែកតាមអភិក្រម ៤ គឺ រើសត្រូវ, បណ្តុះបណ្តាលត្រូវ, ប្រើប្រាស់ត្រូវ និង ទុកដាក់ត្រូវ, ៣. ធ្វើបច្ចុប្បន្នភាពឯកសារគតិយុត្តដែលមានស្រាប់ និងបន្តប្រមូលធាតុចូលបន្ថែមទៀតដើម្បីបង្កើតយន្តការថ្មីធ្វើយ៉ាងណាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈានមុខគេក្នុងការអនវុត្តនីតិវីធីគ្រប់គ្រងបុគ្គលិក, និង ជាទីបញ្ចប់ ឯកឧត្តម បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានបុគ្គលិក បន្តរក្សាការអនុវត្តការងារបុគ្គលិកនេះឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតតាមរយៈការផ្តល់សេវាបុគ្គលិកជូនអង្គភាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋានឱ្យបានទាន់ពេលវេលា តម្លាភាព គណនេយ្យភាព និងសមធម៌៕